ការទទួលបានទឹកស្អាត និង ទឹកដែលមានសុវត្ថិភាពនៅកម្ពុជា


Accessing to Clean and Safe water in Cambodia by saoyuth

Cue: ទឹកជាប្រភពដ៏សំខាន់សម្រាប់ជីវិត។ យ៉ាងណាមិញ ប្រជាពល រដ្ឋ​កម្ពុជា នៅតាម ទីជនបទ ប្រមាណ តែជាង៤២ភាគរយប៉ុណ្ណោះ ដែល​អាច​ទទួល​បាន​ទឹកស្អាតសម្រាប់បរិភោគ និងប្រើប្រាស់ នេះ​បើ​តាម​​របាយ​​ការណ៍​ជំរឿន​របស់​ក្រសួង​ផែនការ​កាលពីឆ្នាំ២០០៨។​ ក្រៅ​ពី​​នោះ ប្រជាពលរដ្ឋកម្ពុជានៅតាមទីជនបទ​នៅតែ​បន្តប្រើ​ប្រាស់​ប្រភព​ទឹក​ដែល​ខ្វះ​អនាម័យ​និង ទឹក​ដែលមាន​សារធាតុអាសេនិច​ដែល​ភាគ​ច្រើន​ត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​ទឹកអណ្តូង។ តារា សៅយុត្តិ ធ្វើ​សេចក្តី​រាយការណ៍៖

Intro: សម្រាប់អ្នកដែលរស់នៅតាមទីក្រុង ឫទីប្រជុំជន​ ពួក​គាត់​មានល​ទ្ធភាព​ទទួល​បាន​ទឹក​ស្អាត ប្រើ​ប្រាស់​​ ខណៈពេលដែល ប្រជាជនភាគច្រើននៅតាមទីជនបទ​នៅតែ​បន្ត​ប្រើប្រាស់​ទឹក​ដែល​បានមក​ពី​ប្រភព​ផ្សេងៗរួមមាន អណ្តូង ទន្លេ និង ទឹកភ្លៀង ជាដើម។​ មិនត្រឹមតែប៉ុណ្ណោះ ប្រជា​ជន​មួយ​ចំនួន​នៅតែ​បន្តបរិភោគទឹកឆៅ រឺទឹកដែលគ្មានអនាម័យ ជាហេតុនាំអោយ ពួក​គាត់​ងាយ​កើតមាននូវជំងឺរាគរូស អាសន្ន​រោគ និង ជំងឺដទៃទៀត។

Track 01: លោក ម៉ៅ សារាយ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកនៅតាមទីជនបទ បាន​លើក​ឡើង​ថា​​ប្រជាជន​​នៅតាមជនបទភាគច្រើន យល់ដឹងពីការប្រើប្រាស់ទឹកស្អាតនៅមានកម្រិត​។

Clip 01: ប្រជាពលរដ្ជយើងនៅមានការយល់ដឹងទាប នៅឡើយ​ ថា​តើ​ទឹក​ស្អាត​វា​យ៉ាង ម៉េច ហូបទឹកស្អាតទៅវាផ្តល់សុខភាពល្អយ៉ាងម៉េច  ហូប​ទឹក​មិន​ស្អាត​ទៅ​វា​ប៉ះ​ពាល់​យ៉ាងម៉េច គាត់នៅមានការយល់ដឺងតិចតួច អាហ្នឹង​វា​ជាប​ញ្ហា​សំខាន់​ដែល​យើង​ត្រូវ​ដោះស្រាយ ។

Track 02: កន្លងមក រាជរដ្ឋាភិបា​​ល ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល ​បាន​ធ្វើការអប់រំទៅដល់​ប្រជា​ពលរដ្ឋ ទាក់ទងនឹងការប្រើប្រាស់ទឹកស្អាតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ អង្គ​ការ​មួយ​ចំនួនដូចជា IDE, RDI, និង​Unicef ក៏បានផលិតនូវឧបករណ៏ ចំរោះ​ទឹក​ស្អាត​ដើម្បី​ចែក​ចាយ​និង​លក់ជូន​ដល់​ប្រជាជន​កម្ពុជា​ ក្នុងគោលបំណង​ធ្វើយ៉ាងណា​ឱ្យប្រជាពលរដ្ឋ​ទទួល​បាន​ទឹក​ស្អាតប្រើប្រាស់ទូលំទូលាយជាងមុន។

Track ៣: តាមការបញ្ជាក់របស់លោក លុយ ចន្ទ្រា ប្រធាន​ផ្នែក​លក់​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត​រូប​ទន្សាយ របស់​អង្គការ​IDE​បានឱ្យដឹង​ថាធុង​ចម្រោះ​ទឹក​របស់​អង្គការ​លោក​អាច​ចម្រោះ​មេ​រោ​គ​​រហូតដល់៩​៩.៩៩ភាគរយ ដោយសារតែវាធ្វើឡើងពីដីឥដ្ឋដុត និងមានលាបសារធាតុ​ជាតិប្រាក់​សម្រាប់​​ច្រោះ​យក​មេរោគ​តូចៗ​។

Track ៤: ទោះ​បីជាយ៉ាងនេះ​ក្តីប្រជាជន​មួយចំនួន​នៅតែមិនទាន់​បាន​ប្រើប្រាស់​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត​ ហើយនៅតែបន្តទទូលទានទឹកដោយមិនបានដាំពុះនៅឡើយ ដោយ​មូលហេ​តុត្រូវ​បាន​លោ​ក លុយ ចន្ទ្រា លើកឡើងយ៉ាងដូច្នេះថាៈ

Clip​ ២: ក៏ប៉ុន្តែភាគធំ ដែលយើងដឹងប្រជាពលរដ្ឋយើងគាត់នៅមានការរឹងទទឹង ដូច​ថា​គាត់​ញ៉ាំតែទឹកភ្លៀងមួយជីវិតគាត់ហើយមិនដែលកើតអី តែធាតុ​ពិតគា​ត់មិន​ដឹង​ថាមាន​អ្វី​កើតឡើងនៅក្នុងពោះ របស់គាត់នោះទេ។ ទឹកស្អាត ដែល​អាច​ញ៉ាំ​បាន​មាន​សុវត្ថិភាព​គឺជាទឹកដែលដាំ និងទឺកដែលចម្រោះ។

Track ៥: ជា​មួយគ្នានោះដែរបញ្ហាទឹកដែលមានជាតិអាសេនិច ក៏​ជាបញ្ហា​ចម្បង​មួយស​ម្រាប់​ប្រជាជន​កម្ពុជា ដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ ក៏ព្រោះ​តែ​ពួកគាត់​ជឿ​ជាក់ថា​ការ​ប្រើ​ប្រាស់​​ទឹក ក្នុង​ដី​មាន​សុវត្ថិភាព។

Track ៦: គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០០១ សារធាតុអាសេនិចត្រូវបានគេរកឃើញថាមាន នៅ​​ក្នុងប្រទេសកម្ពុជា។ អាសេនិច ជាសារធាតុគីមីម្យ៉ាងកើតឡើងពីធម្មជាតិ ហើយវាស្ថិតក្នុង ទឹក​ ដី ខ្យល់ ថ្ម រុក្ខជាតិ និង សត្វ។ នៅ​ពេល​ដែល​សារ​ធាតុ​អាសេនិច​ចូល​ទៅក្នុង​ខ្លួន​មនុស្ស​ចាប់​ពីរយៈ​ពេល ៣ ទៅ១០ ឆ្នាំ នោះពួកគាត់មានអាការៈដូចជា ជំងឺសើស្បែកនៅលើដងខ្លួន បាតដៃ បាតជើង ឈឺពោះ ក្អួតចង្អោរ រាគ ជំងឺស្ពឹកដៃជើង រោគខ្វិន មួយចំនួនអាចទៅជាខ្វាក់ភ្នែក ហើយ​វា​អាច​នឹងវិវត្តទៅជា ជំងឺមហារីកផ្សេងៗ។

Track ៧: តាមការសិក្សារបស់ក្រសួងអភិវឌ្ឍជនបទ និង អង្គការUNICEF ទៅលើ អណ្តូង​ទឹក​ចំនួន​១៦០០០ នៅតាមបណ្តាខេត្តជុំវិញទន្លេមេគង្គ និងទន្លេបាសាក់បានរកឃើញថា មាន​ខេត្ត​ចំនួន​៧ដែល​មានសារជាតិអាសេនិច ក្នុងនោះរួមមាន ខេត្តកណ្តាល ព្រៃវែង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង បៃលិន និង​ក្រចេះ។

Track ៨: ចេញពីកំពង់ចំលងសំបួរឆ្ពោះមកកាន់ភូមិ ព្រែកឬស្សី ឃុំកំពង់កុង ស្រុក​កោះធំ ខេត្តកណ្តាល ជាកន្លែងមួយដែលមានប្រជាជនប្រមាណជា​២០០​ គ្រួសារ​រងគ្រោះ​ដោយ​សារ​សារជាតិ​អាសេនិច។ ពួក​គាត់​បាន​បរិភោគ​ទឹក​ដោយ​មិនដឹង​ថាមាន​វត្តមាន​សារជាតិ​អាសេនិច​អស់​រយះ ពេលជាង ១០ឆ្នាំមកហើយ។

Track ៩: ឆៃលី សុខា មានបងប្រុស២នាក់បានស្លាប់កាលពីឆ្នាំ២០០៦ដោយសារជម្ងឺមហារីក ដែលបង្ក​មក​ពីសារធាតុអាសេនិច។ សព្វថ្ងៃនាងនិងសមាជិកគ្រួសារចំនួន៣នាក់ទៀត កំពុង​រស់នៅ​ដោយមាន​ជម្ងឺ​សើស្បែក ដោយ​សារ​តែសារ​ធាតុ​អាសេនិច​ដែល​មាន​នៅ​ក្នុ​ង​ខ្លួន​របស់​ពួក​គាត់​។

Clip ៣: មានអារម្មណ៏ថា ស្តាយខ្លួនមិនគួរណាផឹកទឹកហ្នឹង ព្រោះ​កាល​ហ្នឹង​គេ​ថាទឹ​ក​ហ្នឹង​អនាមយ័ ហើយយើងអត់ដឹង យើងចេះតែផឹកទៅ ​ ដល់ពេលទើបតែដឹងឥឡូវ វា​កើត​​រួច​ហើយ វាហួសពេលហើយ។

Track ១០: បច្ចុប្បន្ននេះ គ្រួសាររបស់ឆៃលី សុខា បានឈប់បរិភោគទឹកអណ្តូង ហើយ​ងាកមក​ប្រើ​​ទឹក​ទន្លេ​ជំនួស​វិញ។

Track ១១: ឆាង វឿន អាយុ៤០​ឆ្នាំ ក៏បានបាត់បង់ឪពុក និង បងប្រុសម្នាក់កាលពីឆ្នាំ ២០១០ កន្លង​ទៅ ដោយសារតែពួកគាត់ទាំងពីរ បានកើតនូវជំងឹមហារីកជើងដែលបណ្តាលមក ពីផឹក​ទឹក​ដែលមាន​សារ​ធាតុ​អាសេនិច​។ គាត់បាននិយាយថា ឪពុក និង​បងប្រុស​គាត់​ត្រូវបាន​កាត់ជើង​ចោល​ទាំង​ពីរ​ដើម្បីទប់ស្កាត់​ជំងឺ​មហារីក​នោះ ប៉ុន្តែពួកគាត់មិនអាច ជាសះស្បើយបានឡើយ។ បច្ចុប្បន្ន​មាន​សមាជិក​៤នាក់នៅក្នុង​គ្រួសារ​របស់គាត់ ដែលកំពុង ផ្ទុកនូវ​សារ​ធាតុ​អាសេនិច​នៅ​ក្នុង​ខ្លួន។

Track ១២: ដោយសារតែអាសេនិច ជា​សារ​ធាតុ​គីមី​ដែល​មិនអាច​សម្លាប់​បានដោយ​គ្រាន់​តែដាំ​ទឹក​ឱ្យពុះនោះ ប្រព័ន្ធចម្រោះសារជាតិអាសេនិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយ​វិទ្យា​ស្ថាន​បច្ចេក​វិជ្ជាកម្ពុជា។ លោកអ៊ុយ​ ដាវីន អ្នក​សម្រប​សម្រួល​ខាងការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នៃ​វិទ្យា​ស្ថាន បច្ចេក​វិជ្ជា​កម្ពុជា​បាន​រៀបរាប់​អំពីអត្ថប្រយោជន៍របស់ប្រព័ន្ធនេះយ៉ាងដូច្នេះថាៈ

Clip ០៤: ប្រព័ន្ធរបស់យើងក្រៅពីចម្រោះទឹកក្រៅពីជាតិអាសេនិច វាអាច​ចម្រោះ​បាន​ម៉ង់​ការណែស ហ្លុយអររ៉ាយ និង​ដកមេ​រោគ​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ទឹក​របស់​យើង​វាស្ថិត​នៅ​ក្នុង​ ស្តង់​ដាររបស់អង្គការសុខភាពពិភពលោក។

Track ១៣: ប្រព័ន្ធនេះ​ត្រូវបានដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​នៅក្នុង​ខេត្តព្រៃវែងនិ​ងស្រុក​កៀន​ស្វាយ​អស់​រយៈ​ពេលពីរឆ្នាំមកហើយ ហើយលោកអ៊ុយ ដាវីន សង្កេត​ឃើញ​ថា​ប្រព័ន្​ធ​នេះ​ទទួល​បាន​ជោគជ័យក្នុងការ​ចម្រោះសារធាតុអាសេនិចបាន១០០%។

Track ១៤: បើទោះ​បីជា​យ៉ាងនេះ​ក្តីប្រព័ន្ធនេះ​មិនត្រូវ​បានតំឡើង​នៅគ្រប់​តំបន់​ដែលរ​ងផលប៉ះ​ពាល់ដោយ​សារធាតុអាសេនិចនៅឡើយទេ។ បើតាមប្រសាសន៍របស់លោក អ៊ុយ ដាវីន ប្រព័ន្ធ​ចម្រោះមួយ​ត្រូវចំណាយ​ថវិកា​ពី២៥០០ដុល្លា​សហរដ្ឋអាមេរិច ដល់៤០០០ដុល្លាសហរដ្ឋអាមេរិច​ហើយខាងវិទ្យាស្ថានមិនមាន ថវិកាផ្ទាល់ខ្លួនសម្រាប់គម្រោងនេះទេ ហេតុនេះវិទ្យាស្ថាន អនុវត្​តទៅតាមកញ្ជប់ថវិកាដែលមាន។

Clip ៥: ខ្ញុំមានលុយមួយភូមិ ខ្ញុំធ្វើមួយភូមិ ខ្ញុំធ្វើម្តងមួយម្តងមួយអ្វីដែលខ្ញុំអាចធ្វើបាន ព្រោះ​អីបញ្ហាអាសេ​និចនៅក្នុងប្រទេសកម្ពុជា មនុស្សភាគច្រើនបានតែនិយាយ ប៉ុន្តែ​ការ​ជួយ​ដល់ប្រជាជន គេមិនជួយទេ គេជួយ​បានត្រឹមចំណេះដឹង ក៏​ប៉ុន្តែ​ប្រជាជន​អត់ទឹក​នៅ​តែ​ផឹក​ទឹកអណ្តូងដដែល ដូច្នេះការប៉ះពាល់មកលើសុខភាព​នៅតែមាន។

Track ១៥: លោកអ៊ុយ ដាវីន លើកឡើងថាយើងត្រូវតែប្រញាប់ដោះស្រាយបញ្ហាអាសេនិក​នេះ ហើយ​លោក​បន្​តទៀត​ថាដើម្បី​ឱ្យប្រព័ន្​ធមាន​ស្ថិរភាព​លោក​មិន​អាច​ផ្តល់​ទឹក​ដែល​ចម្រោះ​រួច​ដោយ​​ឥតគិតថ្លៃទៅដល់​ប្រជាពលរដ្ឋទេ។

Clip ៦: យើងត្រូវលក់វា តែលក់ក្នុងតម្លៃមួយដែលប្រជាជនអាចទទួលយកបាន ដូចជា​ទឹកផឹកពី​២០ទៅ៣០លីត្រ យើងលក់ក្នុងតម្លៃ១០០រៀល ដោយ​៥០​សម្រាប់​ជួស​ជុល​ប្រព័ន្ធ និង៥០ទៀតសម្រាប់អ្នកគ្រប់គ្រងប្រព័ន្ធ ដូច្នេះ​យើង​ធ្វើឱ្យ​ប្រព័ន្​ធដំណើរ​ការ​ដោយ​មិនមានបញ្ហា។

Track ១៦: តាមប្រសាសន៍របស់លោកម៉ៅសារាយ ក្រសួង​អភិវឌ្ឍន៍​ជនបទ​មានផែន​ការធ្វើ​យ៉ាង​ណា​ផ្តល់ទឹកស្អាត​ទៅដល់​ប្រជាជន​នៅតាម​ទីជនបទ​ឱ្យបាន​៥០%​នៅ​ឆ្នាំ​២០១៥ខាងមុខនេះ និងសម្រេចឱ្យបាន១០០%នៅក្នុងឆ្នាំ២០២៥។

By: Dara Saoyuth & Vorn Makara
Cue by Vorn Makara & Present by Dara Saoyuth
12/01/2010
Related Articles

 

About Saoyuth

A graduate in Media Management with experiences working as a reporter with local and international news institutions, a multimedia team leader and a TV Producer for a LIVE News Show. Currently, I am a freelance video maker and social media consultant.

Posted on January 12, 2011, in Feature Story, Radio production and tagged , , , , , , , , , , , , , , , , , , , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: