ការចិញ្ចឹមគោយកទឹកដោះរបស់អ្នកភូមិកោះក្របី


លោកពូវ៉ន វ៉ាត និងគោរបស់គាត់

លោកពូវ៉ន វ៉ាត និងគោរបស់គាត់

តាំងពីសម័យមុនមក ប្រជាពលរដ្ឋខ្មែរធ្លាប់តែចិញ្ចឹមគោគ្រាន់តែដើម្បីបម្រើក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រួមមាន​ការប្រើជាកម្លាំងអូសទាញ ធ្វើជាយាន្តជំនិះ និងចិញ្ចឹមយកសាច់បរិភោគតែប៉ុណ្ណោះ។ ដោយឡែកពួកគេបានចាប់ផ្តើមយល់ឃើញពីផលប្រយោជន៍ដ៏សំខាន់មួយទៀតរបស់សត្វនេះ​គឺការចិញ្ចឹមដើម្បីយកទឹកដោះ។

នៅក្នុងឆ្នាំ១៩៩៩អ្នកភូមិជាច្រើនគ្រួសារក្នុងភូមិកោះក្របី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល បានចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមគោយកទឹកដោះបន្ទាប់ពីមានការផ្តល់ជា​យោបល់និងជួយឱបត្ថម្ភទាំងផ្នែកបច្ចេកទេសទាំងសម្ភារៈមួយចំនួនពីសំណាក់ក្រុមហ៊ុនណេស្លេNestlé។ ហើយមិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនក៏យល់ព្រមទទួលទិញយកទាំងអស់នូវទឹក​ដោះគោដែលអ្នកស្រុកផលិតបានទៀតផង។ ជាចៃដន្យនៅក្នុងឆ្នាំ២០០០ គ្រោះទឹកជំនន់​បានកើតមានឡើងនៅក្នុងភូមិកោះក្របីបណ្តាលឱ្យគោរបស់អ្នកស្រុកឈឺនិងស្លាប់អស់ជាច្រើនក្បាល ទើបជាលទ្ធផលអ្នកភូមិមួយចំនួនធំអស់សង្ឃឹមក្នុងការប្រកប​របរនេះ ហើយក៏ប្តូរទៅប្រកប​របរអ្វីផ្សេងៗទៀត។

លោកវ៉ន វ៉ាត ជាអ្នកស្រុកកោះក្របីដែលនៅតែបន្តប្រកបរបរចិញ្ចឹមគោយកទឹកដោះរហូត​មកទល់នឹងពេលបច្ចុប្បន្នបានឱ្យដឹងថាគាត់ជាមនុស្សម្នាក់ដែលបានចាប់យកការចិញ្ចឹមគោយក​ទឹកដោះជាលើកដំបូងកាលពីឆ្នាំ១៩៩៩ដែរហើយក៏ភ្លក់នូវរសជាតិខាតបង់ដូចគ្នា តែដោយសារ​តែការមិនចុះញ៉មការបរាជ័យទើបសព្វថ្ងៃគាត់មានគោ៣ក្បាលអាចយកទឹកដោះបាន​ហើយវា​ទាំង៣ផ្តល់ទឹកដោះយ៉ាងហោចណាស់១៥លីត្រក្នុងមួយថ្ងៃដែលធ្វើឱ្យគាត់អាចរកប្រាក់​ចំណូល​បានជាមធ្យម៤ទៅ៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោកវ៉ាត យល់ថាសម្រាប់គាត់ការចិញ្ចឹមគោ​មិនមែនជារឿងលំបាកអ្វីណាស់ណាទេ ព្រោះការងារត្រូវធ្វើគឺគ្រាន់តែកាត់ស្មៅឱ្យវាស៊ី ធ្វើការសម្អាត និងមើលថែទាំសុខភាពរបស់វាតែប៉ុណ្ណោះ។ ដើម្បីការពារគោពីជម្ងឺនានា លោកវ៉ាតបានចាក់វ៉ាក់សាំងឱ្យគោរបស់គាត់រៀងរាល់៦ខែម្តង។ រីឯការយកទឹកដោះ​ក៏មិនជាពិបាកដែរ គាត់តែងតែធ្វើការសម្អាតគោឱ្យបានស្អាតមុនពេលយក ជូតដោះរបស់វាដោយកន្សែងពោះគោ រួចប្រើដៃទាំងពីររឹតតែប៉ុណ្ណោះបានហើយ។

ជារៀងរាល់ព្រឹក នៅម៉ោងប្រហែង៦កន្លះលោកវ៉ាតចាប់ផ្តើមចេញដំណើរពីផ្ទះ ដោយយកទឹក​ដោះ​គោស្រស់ដែលទទួលបានពីគោគាត់ យកទៅដាក់ឱ្យម៉ូយដែលទទួលលក់បន្តនៅម្តុំចំការមន ក្នុងរាជធានីភ្នំពេញ។ នៅម៉ោងប្រហែល៨ព្រឹកលោកនឹងត្រឡប់មកដល់ផ្ទះវិញ ចាប់ផ្តើមយកគោ​របស់គាត់ទៅឱ្យស៊ីស្មៅនៅចម្ការខាងក្រោយផ្ទះ លុះដល់ពេលថ្ងៃត្រង់ទើបយកគោទាំងនោះ​មកបញ្ចូលក្នុងក្រោលវិញ ដោយមូលហេតុថាក្នុងចំណោមគោទាំងបីរបស់គាត់មាន២ក្បាលជា ពូជគោសុទ្ធ១០០%ហើយវា​មិនធន់នឹងកម្តៅថ្ងៃដូចជាគោក្នុងស្រុកធម្មតាទេ។ លោកបានឱ្យដឹងថាគោទាំង២ក្បាល​នេះគឺលោកទិញមកពីប្រទេសថៃជាពូជគោចិញ្ចឹម​សម្រាប់យក​ទឹកដោះតែប៉ុណ្ណោះ។ ១ក្បាលទៀតគឺគ្រាន់តែជាគោក្នុងស្រុកធម្មតា​តែវាក៏អាចយកទឹកដោះបានដូចគ្នាគ្រាន់​តែថាវាមិនសូវជាបានច្រើនដូចជាគោពីរក្បាលខាងលើ។

លោកកែវ ស៊ុន អាយុ៦៨ឆ្នាំ ធ្លាប់ធ្វើជាបុគ្គលិកក្រុមហ៊ុនណេស្លេ(Nestlé)ពីអតីតកាល ប៉ុន្តែសព្វថ្ងៃគាត់ប្រកបរបរជាអ្នកទទួលទិញទឹកដោះគោស្រស់ដើម្បីលក់បន្តនិងបោះដុំ​នៅតាម​ភោជនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ។គេអាចដឹងបានថានៅផ្ទះរបស់គាត់មានលក់ទឹកដោះគោ ស្រស់តាមរយៈផ្លាកយីហោដែលចងភ្ជាប់ទៅនឹងរបងផ្ទះរបស់គាត់ ព្រោះនៅលើបន្ទះក្តារ​ប្រវែងជិតមួយម៉ែត្រនេះមានប្រយោគពីរឃ្លាមានន័យដូចគ្នាតែសរសេរជាពីរភាសាដោយភាសាខ្មែរ​សរសេរថា”ទីនេះមានលក់ទឹកដោះគោឆៅស្រស់ៗ” និងជាភាសាអង់គ្លេសសរសេរថា “RAWFRESH MILK SOLD HERE”។ បើតាមសំដីលោកកែវ ស៊ុន ក្នុងមួយថ្ងៃគាត់អាច​លក់ទឹកដោះគោបានប្រហែលជា៥០លីត្របើរាប់បញ្ចូលទាំងការលក់រាយជាដប ទាំងការបោះដុំនៅតាមភោជនីយដ្ឋានផ្សេងៗ។លោកកែវ ស៊ុនពន្យល់ពីការពេញនិយម​ផឹកទឹកដោះគោស្រស់ថាដោយសារតែវាមានជាតិប្រូតេអ៊ីនខ្ពស់ដែលជាជំនួយដល់ការលូតលាស់ឆ្អឹង ហើយប្រសិនបើយើងប្រើទឹកដោះគោស្រស់សម្រាប់ដាក់លាយក្នុងម្ហូបមួយចំនួនដូចជាសម្លការី​ជាដើមនោះវាពិតជាជួយបន្ថែមរសជាតិឱ្យកាន់តែឆ្ងាញ់ទ្វេដង។

ដោយសម្លឹងមើលឃើញថាតម្រូវការទឹកគោស្រស់មានការកើនឡើងច្រើនតែប្រជាជនយើង​មិនមានលទ្ធភាពផលិតឱ្យបានគ្រប់គ្រាន់តាមតម្រូវការ លោកវ៉ន វ៉ាតផងដែរក៏បានផ្តួច​ផ្តើមបង្កើតជាសមាគមមួយក្នុងឆ្នាំ២០០៦ដោយមានឈ្មោះថា”សមាគមចិញ្ចឹមគោ​ទឹកដោះកម្ពុជា” ដោយបានចុះបញ្ជីជាផ្លូវការដោយក្រសួងមហាផ្ទៃ ហើយលោកមានតួនាទី​ជាប្រធាននៅក្នុងសមាគមន៍នេះ។ រហូតមកទល់នឹងពេលនេះមានគ្រួសារចំនួន១៣បាន

ក្លាយទៅជាសមាជិករបស់សមាគម ហើយក៏បានទទួលផលប្រយោជន៍ពីសមាគម​តាមទម្រង់ជាការចែករំលែកនូវបទពិសោធន៍និងប្រឹក្សារាល់បញ្ហាផ្សេងៗជាពិសេសក្នុង​ករណីគោរបស់ពួកគេមានជម្ងឺជាដើម។ លោកវ៉ាតក៏បានទាក់ទងខាងអង្គការផ្សេងៗ​ជាច្រើនទាំងក្នុងនិងក្រៅស្រុកដើម្បីសុំឱ្យពួកគេជួយជាទុនក្នុងការពង្រីកសមាគម និងជួយខាងផ្នែកបច្ចេកទេសបន្ថែមទៀតតាមរយៈការបញ្ជូនអ្នកជំនាញមកបង្ហាត់បង្រៀន​សមាជិកក្នុងសមាគមពីវិធីសាស្រ្តថ្មីៗក្នុងការចិញ្ចឹមឱ្យបានទិន្នផលខ្ពស់និងគុណភាពល្អ។ ជាក់ស្តែងក្នុងពេលថ្មីៗនេះ មានអង្គការមកពីប្រទេសជប៉ុនមួយឈ្មោះថាចៃកា(JICA) ដែលកំពុងតែចុះទៅដល់ខាងសមាគមផ្ទាល់ដើម្បីធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើកំណត់ហេតុ រួចពួកគេនឹងសម្រេចបញ្ជូនអ្នកឯកទេសរបស់គេទៅចុះជួយផ្ទាល់ដល់អ្នកភូមិក្នុងការចិញ្ចឹមគោ​យកទឹកដោះនេះ។

លោកវ៉ាតមានប្រសាសន៍ថាតាមការសង្កេតផ្ទាល់របស់គាត់ គាត់ឃើញថាជីវភាព​របស់សមាជិក​ក្នុងសមាគមគាត់ មានសភាពធូរធារជាងមុនច្រើនបើធៀបទៅនឹងពេលដែលពួកគេ​មិនទាន់​ចាប់យករបរចិញ្ចឹមគោយកទឹកដោះនេះ ហេតុនេះលោកសង្ឃឹមថាទៅអនាគតសមាគមរបស់​លោកនឹងរីកធំធាត់ឡើងហើយនឹងទទួលបានសមាជិកច្រើនបន្ថែមទៀត។

លោកពូកែវ ស៊ុនបង្ហាញផ្លាកយីហោគាត់

លោកពូកែវ ស៊ុនបង្ហាញផ្លាកយីហោគាត់

Written by: Dara Saoyuth

Written date: 04/05/2010

This article was written for our class assignment

Advertisements

About Saoyuth

A graduate in Media Management with experiences working as a reporter with local and international news institutions, a multimedia team leader and a TV Producer for a LIVE News Show. Currently, I am a freelance video maker and social media consultant.

Posted on May 28, 2010, in Feature Story and tagged , , , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: