កប៉ាល់ធំដំបូងដែលផលិតនៅកម្ពុជា


Cambodian First Ship

"Mekong Khmer" ship/Photo: Dara saoyuth

ដែករាប់សិបសន្លឹកត្រូវបានគេផ្សារភ្ជាប់គ្នា ដើម្បីធ្វើឱ្យគ្រោងដែកដ៏ធំមួយអាចផុសឡើងនៅលើផ្ទៃទឹកនៃដងទន្លេមេគង្គ។ នេះជាគ្រោងកប៉ាល់ធំជាងគេទី១នៅក្នុងប្រទេសកម្ពុជា ដែលគេចំណាយកម្លាំងនិងពេលសាងសង់អស់ជិត២ឆ្នាំមកហើយ។

ជាអនិកជនខ្មែរម្នាក់រស់នៅប្រទេសបារាំង លោក អ៊ុយ អ៊ាងហេង បានផ្តួចផ្តើមគំនិតបង្កើតជាកប៉ាល់នេះឡើងដោយមានការប្រឹក្សាយោបល់ ពីស្ថាបត្យករខ្មែរនិងបរទេសជាច្រើនរូប រួចក៏រើសយកថ្ងៃទី១១ខែមេសាឆ្នាំ២០០៨ជាថ្ងៃចាប់ដំណើរការសាងសង់។ ក្នុងរយៈពេលមួយឆ្នាំជាងនេះ គ្រោងកប៉ាល់របស់លោកសម្រេចបាន៩០%ហើយ គឺនៅតែធ្វើការសម្អាតនិងបំពាក់សម្ភារៈតែប៉ុណ្ណោះ។

កប៉ាល់នេះមានឈ្មោះ “មេគង្គខ្មែរ” មានបណ្តោយជាង៩០ម ទទឹង១៧ម កំពស់ប្រហែល២០មដោយមានប្រាំជាន់ ជម្រៅចុះក្រោមទឹកជាង២ម និងមានទំងន់ជាង៤ពាន់តោន។ មេគង្គខ្មែរ ប្រើប្រាស់ម៉ាស៊ីនចំនួន២ដើម្បីអាចធ្វើការចល័តបាន ដោយម៉ាស៊ីននីមួយៗមានកំលាំង១០០០សេះ។ ផ្ទៃខាងក្រោមកប៉ាល់មានពណ៌ខៀវ ឯផ្ទៃខាងលើត្រូវបានលាបពណ៌សដើម្បីជាសោភណ្ឌភាព។

ទាក់ទងនឹងឈ្មោះ“មេគង្គខ្មែរ” លោកជឺ ហៃ ពន្យល់ពីមូលហេតុនៃការកំណត់យកឈ្មោះនេះថា ជនបរទេសភាគច្រើនបានដឹងបានយល់ពីទន្លេមេគង្គដូច្នេះពួកគេនឹងមានការចាប់អារម្មណ៍មកលើកប៉ាល់របស់លោក រីឯពាក្យ”ខ្មែរ” នៅពីខាងក្រោយគឺចង់សំដៅទៅលើការដែលកប៉ាល់នេះត្រួវបានយើងផលិតនៅប្រទេសខ្មែរ ដោយកូនខ្មែរ ហើយក៏ជារបស់ខ្មែរ ដោយមិនមានការចម្លងរូបរាងឫបែបបទចេញពីកប៉ាល់បរទេសណាមួយនោះឡើយ។

លោក ជឺ ហៃ ដែលជាម្ចាស់ភាគហ៊ុនមួយរូបនៅក្នុងការសាងសង់កប៉ាល់នេះ បានបន្តឱ្យដឹងទៀតថានេះជាលើកដំបូងហើយដែលរូបលោកចាប់ផ្តើមវិនិយោគក្នុងការងារធ្វើកប៉ាល់ដូច្នេះ។ ថ្វីត្បិតតែកម្ពុជាមិនមានសម្ភារៈទំនើបៗក្នុងការផលិតកប៉ាល់ធុនធំដូចនេះក៏ពិតមែន តែលោកជឿជាក់ថាកប៉ាល់របស់លោកនឹងស្ថិតនៅក្នុងស្តង់ដាមួយដែលអាចទទួលយកបានទាំងសម្រាប់ភ្ញៀវជាជនបរទេស ទាំងសម្រាប់ភ្ញៀវជាជនជាតិខ្មែរ។

មេគង្គខ្មែរ ផលិតឡើងដោយមានជាបន្ទប់ស្តង់ដាសណ្ឋាគារចំនួន១០០បន្ទប់ ភោជនីយដ្ឋាន café bar កន្លែងម៉ាស្សា ស្ទីម កាត់សក់ ​ កន្លែងហាត់ប្រាណ និងអាងហែលទឹកដ៏ធំ ដែលបានបំពាក់នៅលើកប៉ាល់រួចជាស្រេច។ ភ្ញៀវដែលឡើងមកកំសាន្តនៅលើកប៉ាល់នឹងមានអារម្មណ៍ថាពួកគេកំពុងស្ថិតនៅក្នុងសណ្ឋាគារលើទឹកដ៏ប្រណិតមួយ។ ពួកគេអាចសម្រាក បរិភោគអាហារ មើលទស្សនីយភាពរបាំប្រពៃណីខ្មែរ ស្ទីមដោយប្រើថ្មាំបុរាណខ្មែរ ថែមទាំងអាចដេកហាលថ្ងៃ និងហែលទឹកលេង បានទៀតផងនៅលើកប៉ាល់មួយនេះ។

ដោយសារតែកំពស់របស់វា មេគង្គខ្មែរអាចចល័តបានតិចតួចបំផុតព្រោះនៅពេលខែទឹកឡើង កប៉ាល់នេះមិនអាចបើកក្រោមស្ពានជ្រោយចង្វារ និងស្ពានព្រែកតាមាក់បាននោះឡើយ។ តាមគម្រោង មេគង្គខ្មែរ ធ្វើការចល័តតែរៀងរាល់ថ្ងៃសៅរ៍ពេលល្ងាច ហើយអាចចេញបានតែរយៈពេលប្រហែលជា៤ម៉ោងតែប៉ុណ្ណោះដោយសារតែទំហំរបស់វាធំពេកជាហេតុពិបាកក្នុងការស្វែងរកកន្លែងចត។

ទោះបីជាកប៉ាល់ដ៏ធំរបៀបនេះទើបត្រូវបានផលិតនៅប្រទេសខ្មែរជាលើកដំបូងក៏ពិតមែន តែលោកជឺ ហៃ អះអាងថាកប៉ាល់របស់លោកពិតជាមានសុវត្ថិភាពត្រឹមត្រូវតាមស្តង់ដា។ លោកពន្យល់ថាដែកផ្ទៃខាងក្រោមកប៉ាល់មានចំនួនពីរជាន់ ដោយជាន់ទី១មានកម្រាស់១០លី និងជាន់ទី២កម្រាស់៨លី ដូចនេះវាមិនងាយនឹងមានការធ្លុះធ្លាយនោះទេ។ នៅតាមជាន់នីមួយៗមានបំពាក់កណ្តឹងរោទ៍ ប្រដាប់បំពងសម្លេង ថែមទាំងមានជណ្តើរចំនួន២ធំៗក្រៅពីជណ្តើរយន្ត ដើម្បីការពារក្នុងករណីមានហេតុភេទចៃដន្យអ្វីមួយកើតឡើង។

មេគង្គខ្មែរមានលទ្ធភាពទទួលភ្ញៀវបានចំនួនប្រហែល៥០០នាក់នៅពេលដែលវាត្រូវបានសាងសង់ចប់រួចរាល់។ ចំពោះបន្ទប់នៅលើសណ្ឋាគារមានបីប្រភេទ មានជាលក្ខណៈបន្ទប់ធម្មតា បន្ទប់ធុនកណ្តាល និងបន្ទប់VIP ដែលតម្លៃបន្ទប់ស្ថិតនៅចន្លោះពី៥០ដុល្លាទៅ១០០ដុល្លា ដោយឡែកសម្រាប់ភ្ញៀវជាជនជាតិខ្មែរនឹងមានការបញ្ចុះតម្លៃជូនថែមទៀតផង។

ទាក់ទងនឹងបញ្ហាការបញ្ចេញកាកសំណល់ចូលទៅក្នុងទឹក លោកជឺ ហៃ ប្រាប់ថាក្រុមការងាររបស់គាត់យកចិត្តទុកដាក់ទៅលើបញ្ហាបរិស្ថានជាចំបង ហេតុនេះហើយរាល់កាកសំណល់ទាំងឡាយនៅលើកប៉ាល់ត្រូវបង្ហូរចូលទៅក្នុងបន្ទប់មួយនៅជាន់ក្រោមដើម្បីធ្វើការចម្រោះ៤ដំណាក់កាលសិន រួចហើយអ្វីដែលបង្ហូរចូលទៅក្នុងទឹកគឺគ្រាន់តែជាទឹកធម្មតាគ្មានកាកសំណល់រឹងឫសារធាតុពុលអ្វីដែលអាចប៉ះពាល់ដល់បរិស្ថាននោះទេ។ លោកក៏បានឱ្យដឹងទៀតថាក្រុមការងាររបស់លោកនឹងព្យាយាមធ្វើឱ្យកប៉ាល់នេះយ៉ាងហោចណាស់ក៏ស្ថិតក្នុងលំដាប់ថ្នាក់ផ្កាយ៣ដែរ។

បច្ចុប្បន្នទាំងមេជាង និងកម្មករជាង១០០នាក់កំពុងតែដុតដៃដុតជើងក្នុងការសាងសង់ មេគង្គខ្មែរ នេះ។           បើតាមប្រសាសន៍របស់លោកជឺ ហៃ មេគង្គខ្មែរ នឹងត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១០នេះ ហើយបើអាចលោកនឹងចាប់បើកសម្ភោធប្រើប្រាស់នៅក្នុងថ្ងៃទី១០ខែ១០ឆ្នាំ២០១០នេះតែម្តង។

Written by: Dara Saoyuth

This article was also published in Khmer New Era Magazine

Advertisements

About Saoyuth

A graduate in Media Management with experiences working as a reporter with local and international news institutions, a multimedia team leader and a TV Producer for a LIVE News Show. Currently, I am a freelance video maker and social media consultant.

Posted on May 14, 2010, in Feature Story and tagged , , , , , . Bookmark the permalink. 1 Comment.

  1. I would like to say sorry for those who can not read this article since I wrote it in my own language, Khmer.
    For those who can read this article, what do you think?
    For me, I feel proud of Cambodian businessman who have the idea of building this kind of big ship in Cambodia. This is the first time Cambodia build her own ship in her own country, and I strongly believe that if there is the first, there will be the second, the third, and so on.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: