ការលំបាករបស់និស្សិតដែលមកបន្តការសិក្សានៅរាជធានី


ជាធម្មតា នៅក្រោយពេលប្រកាសលទ្ធផលនៃការប្រលងសញ្ញាប័ត្រមធ្យមសិក្សា ទុទិយភូមិ គឺជាពេលយុវសិស្សមួយចំនួនធំដែលរស់នៅតាមបណ្តាខេត្តត្រូវធ្វើដំណើរ មកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ។ ចំពោះអ្នកមិនធ្លាប់ឃ្លាត ឆ្ងាយពីផ្ទះសោះពីមុនមក​ ពិតជាលំបាកណាស់ដែលត្រូវបង្ខំចិត្ត​លើកដៃសំពះ​លា ឪពុកម្តាយជាទីស្រលាញ់ និង សាច់ញាតិរបស់ខ្លួន ដើម្បីមករស់នៅ និង បន្តការ សិក្សា​នៅក្នុង​មជ្ឈដ្ឋានមួយ ថ្មីដែលពួកគេមិនធ្លាប់បានជួប បានស្គាល់សោះពីមុន មក។ ខ្សែជីវិតរបស់ពួកគេគ្មានខុសអ្វីពីកប៉ាល់ដ៏ធំនៅកណ្តាលសាគរឡើយ ហើយ រូបគេប្រៀបបានទៅនឹងអ្នកបញ្ជាកប៉ាល់នោះអ៊ីចឹង។ មានន័យថារឿងរ៉ាវដែលមិន អាចព្យាករណ៍ទុកជាមុនអាចនឹងកើតឡើងគ្រប់ពេល ឯដំណោះស្រាយគឺវាអាស្រ័យ លើភាពឆ្លាតវៃនិងការតាំងចិត្តរបស់ពួកគេដើម្បីបញ្ចៀសឧបសគ្គទាំងនោះ។

ហៃ ភូសាដាន់ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យ។ ដោយ សារតែការពេញចិត្តលើភ្នែកពត៌មានវិទ្យា ភូសាដាន់ បានចាក​ចេញពីខេត្ត​របស់ខ្លួន មកកាន់ទីក្រុងភ្នំពេញ ដោយក្នុងចិត្តយល់ថានៅទីនេះ មានគ្រូល្អៗ និង សំបូរការងារ ធ្វើជាងនៅខេត្ត​របស់គេ។ ដោយទើបតែមកដល់បានប្រមាណជាងពីរសប្តាហ៍ ភូសាដាន់ ប្រាប់ថា គេកំពុងតែ​មានអារម្មណ៍នឹកផ្ទះនិងគ្រួសាររបស់ខ្លួនជាខ្លាំង ហើយគេគិតថានេះគឺជាបញ្ហាចំបងដែលកំពុង​ចោទមកលើខ្លួនគេ។ ចំពោះបញ្ហា កន្លែងស្នាក់នៅ វាមិនមែនជាបញ្ហាចំបងចំពោះគេទេ ព្រោះសព្វថ្ងៃភូសាដាន់​កំពុងស្នាក់​នៅជាមួយនឹងបងប្អូន ដែលជាមនុស្សមានមេត្តាធម៌ដូចជាឪពុកម្តាយ របស់គេ​អញ្ចឹងដែរ តែគេបែរជាយល់ថាការដែលលំបាកជាងគេនោះគឺថា គេពុំសូវទាន់ស្គាល់មិត្តភក្តិច្រើន ដូច្នេះនៅពេល​ដែលគេចង់រកមនុស្សមកនិយាយ លេងជាមួយ ពិតជារឿងមួយដ៏លំបាក។

សម្រាប់ឆ្នាំសិក្សា២០០៩-២០១០ គឺជាឆ្នាំដំបូងសម្រាប់ ជិត បញ្ញាវ័ន្ត ដែលជានិស្សិត កំពុងសិក្សា មុខជំនាញ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ឆ្នាំទី១ នៅសាលកវិទ្យាល័យ ភូមិន្ទភ្នំពេញ។ បញ្ញាវ័ន្ត មានអាយុ១៨ឆ្នាំ រស់នៅក្នុងខេត្តពោធិ៍សាត់ ហើយទើបតែ មក​ដល់ទីក្រុងភ្នំពេញភ្លាមៗ បន្ទាប់ពីគេបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ។ ​ការចាក​ចេញពីស្រុកកំណើតរបស់ខ្លួន ភ្លាមៗពិតជាធ្វើឲ្យ បញ្ញាវ័ន្ត ជួបនូវបញ្ហាមួយចំនួន​ដែលជាធម្មតា​រឿងនេះនឹងកើតមានដូចគ្នា ចំពោះអ្នកផ្សេង ដែលស្ថិតក្នុងស្ថានភាពដូចជារូបគេ។ មិនខុសពី ភូសាដាន់ ប៉ុន្មានទេ ការនឹកស្រុក ជាបញ្ហាដំបូងគេដែល បញ្ញាវ័ន្ត បានលើកឡើង ព្រោះពីមុនមក គេមិនដែលឃ្លាត ឆ្ងាយពីគ្រួសាររបស់គេយ៉ាងដូច្នេះឡើយ។ បច្ចុប្បន្ន បញ្ញាវ័ន្ត កំពុងតែរស់នៅក្នុង​ផ្ទះជួលមួយក្នុងរាជធានីភ្នំពេញ។ ដោយសិ្ថតនៅក្នុងស្ថានភាពសេដ្ឋកិច្ចគ្រួសារដែល មានលក្ខណៈ​មធ្យម គេបាន​បន្តថាថ្លៃជួលផ្ទះមិនមែនជាបញ្ហាចោទណាស់ណាទេ តែវាក៏ជាកត្តាមួយដែល​ធ្វើឲ្យការចំណាយរបស់គេកើនឡើង ច្រើនជាងពេលដែល គេរស់នៅជាមួយគ្រួសារ។

ស្ថិតនៅក្នុងប្រធានបទដដែល ផល សុខភារី មកពីខេត្តសៀមរាប មានអាយុ១៧ឆ្នាំ ហើយក៏ជា​មិត្តរួមថ្នាក់របស់ ជិត បញ្ញាវ័ន្ត ផងនោះបាននិយាយប្រាប់ពីបញ្ហាដែលខ្លួន បាន​ជួបប្រទះដែរ។ សព្វថ្ងៃ សុខភារីបានស្នាក់នៅជាមួយបងប្អូន ក្នុងរាជធានីភ្នំពេញ ។ ថ្វីត្បិតតែគេ​មិនចាំបាច់​ត្រូវចំណាយលុយក្នុងការចាយវាយទៅលើផ្ទះជួល តែ សុខ ភារី នៅតែសង្កេតឃើញថា ថវិកាដែល​គេចំណាយនៅតែមានលក្ខណៈខ្ពស់ជាងកាល ដែលគេនៅស្រុក។ បញ្ហាមួយទៀតដែល​គេបាន​លើកឡើង គឺការធ្វើដំណើរមក សាលារៀន ព្រោះថាគេមិនទាន់មានមធ្យោបាយធ្វើ​ដំណើរផ្ទាល់ខ្លួន ហើយក៏ មិនសូវ ស្គាល់ផ្លូវនៅទីក្រុងឲ្យបាន​ច្រើននៅឡើយ។​

ហ៊ន គញ្ចនា ជានិស្សិតម្នាក់ទៀត ដែលបានបង្ហាញនូវផលវិបាក ដែលខ្លួនបានជួប ប្រទះ​នៅពេលមកដល់រាជធានីដំបូង។ សព្វថ្ងៃ គញ្ចនា ជានិស្សិតអាហារូបករណ៍ ផ្នែកអក្សរសាស្រ្តខ្មែរ ឆ្នាំទីពីរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខេត្តក្រចេះ ជាទីកន្លែងដែលគេរស់នៅរហូតដល់ពេល​ដែលគេត្រូវចាកចេញមកបន្តការសិក្សា ថ្នាក់ឧត្តមសិក្សា។ ដោយស្ថិតនៅក្នុងស្ថានភាពគ្រួសារ​មិនសូវជាធូរធារប៉ុន្មាន គញ្ចនា បានរៀបរាប់ថា ការដែលត្រូវចំណាយថវិការ លើការជួលផ្ទះ ​និង ចំណាយ ផ្សេងៗទៀត គឺជាបញ្ហាចោទធំបំផុតសម្រាប់នាង ព្រោះនាងត្រូវចំណាយស្ទើរតែពីរ ដង​នៃប្រាក់ដែលនាងត្រូវចំណាយ កាលដែលរស់នៅជាមួយក្រុមគ្រួសារ។

សព្វថ្ងៃនាងកំពុង​តែរស់នៅក្នុងផ្ទះជួលមួយ ជាមួយនឹងមិត្តដែលមកពីខេត្តជាមួយគ្នា ចំនួន១២នាក់​ផ្សេងទៀត។ នាងបានបន្តថា បើកុំតែបានការជួយទំនុកបំរុងខ្លះ ពីសមាគមន៍និស្សិតខេត្តក្រចេះ ហើយនិងបាន​ជាប់អាហារូបករណ៍ទៀតនោះ កុំអី នាងមិនដឹងថានឹងត្រូវបន្តការសិក្សាទៅមុខទៀត​ដោយរបៀប​ណានោះទេ។ នាងបានរំឮកដែរថាសមាគមន៍និស្សិតខេត្តក្រចេះនេះ បានជួយទំនុកបំរុងនាង​តាំងពីនាងនៅរៀនកម្រិតវិទ្យាល័យមកម្លេះ។

ពេលសួរអំពីផលវិបាកនៅពេលដែលមករស់នៅទីក្រុងភ្នំពេញដំបូង សន គឹមលាង ដែលបច្ចុប្បន្នជានិស្សិតកំពុងសិក្សាមុខវិជ្ជា ភូមិវិទ្យា ឆ្នាំទីបី ទៅហើយនោះ បាន រំលឹក ទៅដល់​អតីតកាលរបស់ខ្លួនកាលដែលគេមកដល់ទីក្រុងភ្នំពេញជាលើក ដំបូង។ គឹមលាង គឺជាអ្នករស់នៅ​ខេត្តកំពង់ធំ ហើយបានធ្វើដំណើរមកទីក្រុង បន្ទាប់ពីគេបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សា​ទុតិយភូមិ។ នាងបានប្រាប់ថា ដំបូងផលវិបាកដ៏ចំបងគឹការរស់នៅ ព្រោះនាងមិនសូវស្គាល់ទី​កន្លែងផ្សេងៗក្នុង ទីក្រុង គ្មានបងប្អូន ដូច្នេះហើយនាងត្រូវស្នាក់នៅក្នុងផ្ទះជួល ដែលមិនត្រឹមតែ​ពិបាកក្នុងការរស់នៅប៉ុន្នោះទេ ថែមទាំងត្រូវចំណាយប្រាក់ច្រើនទៀត។ ឥលូវនេះការ លំបាកក្នុង​ការរស់នៅលែងចោទជាបញ្ហាទៀតហើយព្រោះនាងទទួលបាន កន្លែងស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់​សាកលវិទ្យាល័យ។

ក្រៅពីនោះបញ្ហាភាសាបរទេស និង ចំនេះដឹងខាងកុំព្យូទ័ររបស់នាង ក៏បានធ្វើឲ្យនាង​មានការលំបាកច្រើនធៀបទៅនឹងសិស្សនៅទីក្រុងភ្នំពេញ។ នៅទីក្រុងភ្នំពេញមាន កន្លែងបង្រៀន​ភាសាបរទេសច្រើនស្អេកស្កះ ខុសស្រលះពីជនបទ ដែលយើងអាចរក រៀនបានតែនៅក្នុងទី​ប្រជុំជនធំៗតែប៉ុណ្ណោះហើយឯកសារទាក់ទងក៏មិនសូវ សំបូរទៀត។ បញ្ហាខាងចំណេះដឹងកុំព្យូទ័រ​ទៀត​រឹតតែមិនបាច់និយាយ ព្រោះវាមិនត្រូវ បានប្រើប្រាស់ទូលំទូលាយនៅទូទាំងប្រទេសឡើយ ជាពិសេសសម្រាប់អ្នកដែលនៅ តំបន់ដាច់ស្រយាលដូចជាគឹមលាង ពិតជាពិបាកណាស់ថ្វីបើនាង​ចង់រៀនក៏ពិបាករក កន្លែងរៀនដែរ។

លោក សេក សោភ័ណ្ឌ បានចំណាយពេលវេលាដ៏មានតម្លៃក្នុងការផ្តល់បទសម្ភាសន៍​ទាក់ទងនឹងបញ្ហាខាងលើព្រមទាំងបានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនសម្រាប់យុវជន ដែលបានមកបន្តការសិក្សានៅរាជធានីហើយក្តី ឫ ក៏កំពុងតែត្រៀមខ្លួនមកហើយក្តី។ សព្វថ្ងៃគាត់ជាគ្រូបង្រៀន​មុខវិជ្ជា ច្បាប់និងក្រមសីលធម៌សម្រាប់អ្នកសារពត៌មាន ហើយក៏កំពុងបម្រើការ ជាប្រធានគំរោង​គាំទ្រជនជាតិដើមភាគតិចនៅអង្គការពល កម្មអន្តរជាតិផងដែរ។

លោកបានរំឮកអតីតកាលរបស់ខ្លួនថា ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា គាត់ក៏ត្រូវចាក​ចេញពីខេត្តព្រៃវែង ដែលជាទីគាត់ធ្លាប់​រស់នៅជាមួយក្រុមគ្រួសារ ហើយមកកាន់ទីក្រុងភ្នំពេញ។ ក្នុងនាមជាអ្នកមកពីខេត្ត ការរៀបរាប់ពី​ទុកលំបាក របស់គាត់មិនសូវជាខុសឆ្ងាយប៉ុន្មានពីនិស្សិត​នៅក្នុងពេលបច្ចុប្បន្ននោះទេ។ ដោយការខិតខំតស៊ូគាត់អាចយកឈ្នះបញ្ហាថវិកាសិក្សាបាន​ដោយការបង្រៀន យុវជនទីក្រុងខ្លះដែលត្រូវការក្រេបជញ្ជក់ចំណេះដឹងពីគាត់។ គាត់អាចមាន​លទ្ធភាព ក្នុងការទិញសម្ភារៈសិក្សាមិន​ចាញ់យុវជនទីក្រុងប៉ុន្មានទេ។ ប៉ុន្តែគាត់បានបន្តថា ខណៈ​ដែលគាត់កំពុងតែបោះជំហានទៅមុខ គាត់សង្កេតឃើញមិត្តរួមថ្នាក់របស់គាត់ មួយចំនួនដែលមក​ពីខេត្តផ្សេងៗ បានដើរក្នុងផ្លូវខុស ដូចពាក្យគេនិយមនិយាយថា ឈ្លក់ទឹកម៉ាស៊ីន លង់ភ្លើងពណ៌ ជាដើម។ គាត់ថាប្រហែលជាការ​សេពគប់មិត្តភក្តិក៏ ជាការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរមួយដែរសម្រាប់អ្នក​មកពីខេត្ត ដែលពេលខ្លះគេទៅ​សេព គប់ប៉ះជនខិលខូចនៅទីក្រុង ហើយជាលទ្ធផល ការសិក្សាក៏​ទទួលបានបរាជ័យ។ គាត់គិតថាប្រហែលជាការខិតខំប្រឹងប្រែង បូកជាមួយនឹងការសេពប៉ះ​មិត្តល្អហើយ ទើបអាចឲ្យគាត់​ទទួលបាននូវអ្វីដែលល្អៗក្នុងពេលបច្ចុប្បន្ននេះ។

តាមរយៈបទពិសោធជានិស្សិតមកពីបណ្តាខេត្តមួយរូបដែរនោះ លោកគ្រូ សោភ័ណ្ឌ បានផ្តាំដល់និស្សិតដែលមិនទាន់ដល់ពេលចាកចេញពីស្រុកកំណើតមកបន្តការសិក្សា នៅរាជធានី ថា ពួកគេត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ និង តាំងចិត្តឲ្យបានមុតមាំ កំណត់ឲ្យច្បាស់នូវ​គោលដៅរបស់ខ្លួន។ ធ្វើបែបនេះទើបយើងមិនខ្លាចថា ឃ្លាតឆ្ងាយ ពីផ្ទះ ចិត្តគំនិតរបស់យើងនឹង​ប្រែប្រួលទៅរកផ្លូវខុស។ ចំនុចមួយទៀតដែលគាត់ បានលើកឡើងគឺចំពោះអ្នកដែលបានមកដល់​រាជធានីហើយ មុននឹងសេពគប់មិ ត្តភក្តិ យើងត្រូវតែស្វែងយល់ពីគេឲ្យបានច្រើនជាមុនសិន ទើបអាចប្រាកដថាគេនឹង មិននាំយើងទៅរកផ្លូវអាក្រក់ប្រាសចាកពីបំណងរបស់យើងបាន។

 

Written by: Dara Saoyuth

Written date: 08/10/2009

Advertisements

About Saoyuth

A graduate in Media Management with experiences working as a reporter with local and international news institutions, a multimedia team leader and a TV Producer for a LIVE News Show. Currently, I am a freelance video maker and social media consultant.

Posted on March 11, 2010, in Feature Story and tagged , , , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: