សារមន្ទីរជាតិ


National Musium

View inside National Musium/Photo by: Dara Saoyuth

សារមន្ទីរជាតិ ជាទីកន្លែងមួយដែលភ្ញៀវទេសចរមិនងាយមើលរំលងឡើយ នៅពេលពួកគេធ្វើដំណើរមកទស្សនារាជធានីភ្នំពេញ។ មានភ្ញៀវទេសចរជាហូរហែ ភាគច្រើនជាជនបរទេស កំពុងដើរទៅកាន់តូបមួយធ្វើពីឈើ ប្រក់ស័ង្កសី ដែលមានទីតាំងស្ថិតនៅជាប់នឹងក្លោងទ្វារចូលសារមន្ទីរ។ មានមនុស្សម្នាក់ស្ថិតនៅក្នុងតូបនោះ ហើយភ្ញៀវខ្លះកំពុងតែដកលុយទិញសំបុត្រពីគាត់ដើម្បីចូលទៅក្នុងសារមន្ទីរ ឯខ្លះទៀតសួររកទិញសៀវភៅមគ្គុទេសរបស់សារមន្ទីរ។ បន្ទាប់មកពួកគេដើរមើលក្នុងបរិវេណសារមន្ទីរបណ្តើរ ជជែកគ្នាបណ្តើរ ខ្លះទៀតថតរូប ដោយទឹកមុខញញឹមរីករាយ ហើយពិតពេញចិត្តនឹងចំណាយប្រាក់ដើម្បីទិញសំបុត្រចូលទស្សនា។

ភ្ញៀវដែលបានចូលទស្សនាតែងស្ញើចសរសើរផ្សេងៗពីគ្នាអំពីសារមន្ទីរនេះ ហើយខ្លះទៀតថែមទាំងបានបន្តអូសទាញអ្នកដែលពួកគេស្គាល់ឲ្យមកទស្សនាដែរ ហេតុនេះហើយទើបធ្វើឲ្យសារមន្ទីរនេះមានភ្ញៀវចេញចូលព្រឹកល្ងាចគ្មានអាក់។

បើតាមសម្តីរបស់អ្នកស្រី ថា ដាលី ជាមគ្គទេសក៍ប្រចាំនៅសារមន្ទីរនេះ បានឲ្យដឹងថា បើគិតទាំងភ្ញៀវជាតិ ទាំង​ភ្ញៀវអន្តរជាតិ ដែលចូលមកទស្សនានៅទីនេះមានចំនួនប្រហែលពី៥០០ទៅ៧០០នាក់ក្នុងមួយថ្ងៃ។ ដោយសារសារមន្ទីរនេះ​បើកឲ្យចូលទស្សនារៀងរាល់ថ្ងៃ ដូច្នេះហើយវាបង្កលក្ខណៈងាយស្រួលឲ្យអ្នកដែលឈប់សម្រាកតែថ្ងៃចុងសប្តាហ៍ មានឲកាសបានចូលទស្សនាផងដែរ។

ក្រៅពីភ្ញៀវទេសចរ យើងក៏សង្កេតឃើញពេលខ្លះមានសិស្ស និស្សិត ជាពិសេសនិស្សិតសិក្សាលើផ្នែកស្ថាបត្យកម្ម អក្សសាស្រ្ត ប្រវត្តិសាស្រ្ត ជាដើម បានចូលក្នុងសារមន្ទីរនេះដើម្បីសិក្សាស្រាវជ្រាវបន្ថែមទៅលើជំនាញរបស់ខ្លួន។

អ្នកស្រី ដាលី បន្តទៀតថា ភ្ញៀវចូលមកទីនេះ ៨០ភាគរយ ជាជនបរទេស ហើយប្រហែល២០ភាគរយទៀតជាជនជាតិខ្មែរ ប៉ុន្តែអ្វីសំខាន់នោះគឺពួកគេគ្រប់គ្នាតែងតែត្រលប់ទៅផ្ទះវិញដោយពាំនាំទៅជាមួយនូវ ការពេញចិត្ត និង អារម្មណ៍ស្រស់ថ្លាបន្ទាប់ពីចំណាយពេលវេលានៅក្នុងសារមន្ទីរជាតិរួចមក។ ភ្ញៀវទាំងអស់ពិតជាមិនមានភាពធុញទ្រាន់ឫហត់នឿយក្នុងការទស្សនាទេ ព្រោះលើសពីការទស្សនាវត្ថុសិល្បៈ ក្នុងសារមន្ទីរនេះក៏មានអាងចិញ្ចឹមត្រី ដូច្នេះភ្ញៀវអាចលំហែចិត្តជាមួយត្រីស្អាតៗជាច្រើនប្រភេទ ដែលនឹងមកចោមរោមពីមុខគាត់ពេលគាត់បាចចំណីឲ្យពួកវា។

Harumi Yamada បានប្រាប់ថានេះជាលើកទីមួយហើយ ចំពោះគាត់ក្នុងការចូលមកទស្សនាសារមន្ទីរនេះ។ ស្ត្រីវ័យកណ្តាលជនជាតិជប៉ុនម្នាក់នេះ ធ្លាប់បានធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសជាច្រើនដូចជា ថៃ និង អេស៊ីបជាដើម ហើយគាត់ក៏ធ្លាប់បានចូលទស្សនាសារមន្ទីររបស់ប្រទេសទាំងនោះផងដែរ តែគាត់ចាប់អារម្មណ៍សារមន្ទីរជាតិរបស់កម្ពុជាជាងគេ។

“រូបចម្លាក់របស់ខ្មែរពិតជាគួរឲ្យចាប់អារម្មណ៍មែន” នេះជាប្រសាសន៍របស់Harumi Yamada។ គាត់បានពន្យល់ពីមូលហេតុដែលរូបចម្លាក់ទាំងនោះធ្វើឲ្យគាត់ចាប់អារម្មណ៍ថា រូបស្ទើរតែទាំងអស់ដែលបានដាក់តាំងបង្ហាញ គឺជារូបទាក់ទងនឹងសាសនានិងជំនឿរបស់ប្រជាពលរដ្ឋខ្មែរសម័យដើម។ មិនត្រឹមតែប៉ុណ្ណោះ រូបទាំងនេះត្រូវបានគេរចនាឡើងក្នុងបែបបទយ៉ាងស្រស់ស្អាត ហើយមានលក្ខណៈខុសប្លែកគ្នាពីរូបមួយទៅរូបមួយទៀត ឧទាហរណ៍ដូចជារូបព្រះពុទ្ធជាដើម គឺមានលក្ខណៈមិនដូចគ្នាឡើយពីមួយទៅមួយ។ ទាំងនេះហើយជាលក្ខណៈខុសប្លែកពីរូបចម្លាក់របស់ប្រទេសដទៃ ដែលអ្នកសាងសង់ព្យាយាមធ្វើឲ្យរូបនីមួយៗមានរូបរាង និង សណ្ឋានដូចៗគ្នា។

គាត់សរសើរថាខ្មែរ ទោះជាបានចម្លងយកអរិយធម៌ខ្លះពីឥណ្ឌាក៏ពិតមែន តែពួកគេចេះកែច្នៃឲ្យវាក្លាយទៅជារបស់ខ្លួនយ៉ាងប៉ិនប្រសប់ ជាក់ស្តែងដូចជារូបចម្លាក់ទាំងនេះ ដែលយើងគ្រាន់តែក្រលេកមើលក៏អាចដឹងភ្លាមថាជារបស់ជនជាតិខ្មែរ។

អ្នកស្រី Linda Glerup ជាជនជាតិដាណាម៉ាក កំពុងតែឈរពិនិត្យមើលរូបចម្លាក់ ព្រះបាទជ័យវរ្ម័នទី៧ ជាមួយប្តីរបស់គាត់ដែលជាអ្នកបុរាណវត្ថុវិទ្យាមួយរូបផងដែរ។ អ្នកស្រីបញ្ជាក់ថា របៀបនៃការរៀបចំដាក់តាំងវត្ថុសិល្បៈនៅក្នុងសារមន្ទីរនេះ គ្មានអ្វីខុសប្លែកពីរបៀបដែលសារមន្ទីររបស់ប្រទេសផ្សេងៗបានធ្វើនោះទេ តែគាត់ពិតជារីករាយនឹងទស្សនាវត្ថុសិល្បៈទាំងនេះ។

គាត់ប្រាប់ថា គាត់នឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីទៅទស្សនាប្រាង្គប្រាសាទបុរាណខ្មែរនៅទីនោះ ហើយហេតុដែលគាត់មកទស្សនាសារមន្ទីរនេះ គឺគាត់សង្ឃឹមថានឹងស្វែងយល់បានខ្លះពី វប្បធម៌ ជាពិសេសគឺប្រវត្តិ និង អត្ថន័យរបស់រូបចម្លាក់នីមួយៗ។ គាត់ថាការមកទស្សនាសារមន្ទីរនេះ ជាយាន្តអាចនឹងជួយឲ្យគាត់យល់បានច្រើនទាក់ទងនឹងប្រាសាទនិងរូបចម្លាក់របស់ខ្មែរ នៅពេលដែលគាត់ទៅទស្សនាបន្ថែមទៀតនៅក្នុងទឹកដីខេត្តសៀមរាប។

បើតាមប្រសាសន៍របស់អ្នកស្រី ថា ដាលី សព្វថ្ងៃនេះមានវត្ថុសិល្បៈជាង២០០០ប្រភេទដែលត្រូវបានដាក់តាំងបង្ហាញដល់ភ្ញៀវទេសចរ តែយើងនៅមានវត្ថុសិល្បៈជាច្រើនទៀតដែលខ្លះត្រូវបានរក្សាទុកក្នុងឃ្លាំងរបស់សារមន្ទីរ ឯខ្លះទៀតកំពុងត្រូវបានអ្នកជំនាញធ្វើការជួសជុលឲ្យល្អឡើងវិញ។ គាត់សង្ឃឹមថា សារមន្ទីរនឹងអាចដាក់បង្ហាញវត្ថុសិល្បៈថ្មីៗជាច្រើនបន្ថែមទៀតក្នុងពេលខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកាន់តែច្រើនឡើងថែមទៀត។

Written by: Dara Saoyuth

Written Date: 04/12/2009

Advertisements

About Saoyuth

A graduate in Media Management with experiences working as a reporter with local and international news institutions, a multimedia team leader and a TV Producer for a LIVE News Show. Currently, I am a freelance video maker and social media consultant.

Posted on February 1, 2010, in Feature Story and tagged , , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: