ស្នាដៃថ្មីចូលរួមអបអរខួបទី៥៧៥កំណើតរាជធានីភ្នំពេញ


មានទីតាំងស្ថិតនៅលើទីទួលមួយនៃរមនីយដ្ឋានវត្តភ្នំ អគារមួយដ៏ធំ ដែលខ្លោងទ្វារចូលមានរចនា ទៅដោយក្បាច់ចម្លាក់ខ្មែរយ៉ាងប្រណិត កំពុងតែបើកទ្វារចាំទទួលភ្ញៀវចូលទៅខាងក្នុង។ នារីម្នាក់ ស្ថិតក្នុងទឹកមុខស្រស់ញញឹម កំពុងអង្គុយនៅនឹងតុមួយជាប់នឹងខ្លោងទ្វារចូល គឺជាអ្នកចាំផ្តល់ពត៌​មាននិង លក់សំបុត្រសម្រាប់ភ្ញៀវដែលមានបំណងចង់ចូលទស្សនា ខាងក្នុងអគារ។ តាមពិតអគារ​មួយនេះជាអគារ សារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈវត្តភ្នំ ហើយទីនេះត្រូវបានប្រើប្រាស់ជាទីកន្លែង​ផលិត និងដាក់តាំងវត្ថុសិល្បៈធ្វើដោយសមាគមន៍មិត្តវិចិត្រករខ្មែរ។

ដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យខួបលើកទី៥៧៥នៃការកកើតរាជធានីភ្នំពេញ ដែលប្រព្រឹត្ត ធ្វើ​ឡើងនៅចុងខែធ្នូឆ្នាំ២០០៩ សារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈវត្តភ្នំ បានរៀបចំដាក់តាំងបង្ហាញនូវ​ស្នាដៃវិចិត្រកម្មដ៏ប្រណិតមួយប្រភេទទៀតគឺ រូបសូន និង រូបគំនូររៀបរាប់ប្រវត្តិនៃការចាប់កំណើត​ឡើងនៃរាជធានីភ្នំពេញ។ សមិទ្ធផលទាំងនេះត្រូវបានចាប់ផ្តើមដាក់ឲ្យទស្សនា បើទោះបីជាវាមិន​ទាន់បានសម្រេច១០០%ក្តី។

លោក អ៊ុត រឿន ដែលជាប្រធានសមាគមន៍មិត្តវិចិត្រករខ្មែរ និងជាអ្នកផ្តួចផ្តើមបង្កើតវិចិត្រកម្មថ្មី​នេះ បានបង្ហាញពីមូលហេតុពីរយ៉ាងដែលនាំឲ្យលោកធ្វើវាឡើង។ ទីមួយគឺលោកចង់ឲ្យប្រជាជន​ខ្មែរនិងជនបរទេសស្គាល់ច្បាស់ពីប្រវត្តិនៃការកកើត រាជធានីភ្នំពេញ និង ម្យ៉ាងទៀតចង់ឲ្យកូនខ្មែរ​ដឹងថារាជធានីភ្នំពេញមានអាយុកាល៥៧៥ឆ្នាំហើយ។

តាមរយៈរូបគំនូរ និង រូបសូន របស់គាត់ លោកអ៊ុត រឿនបានបង្ហាញពីការកកើតភ្នំពេញ ដោយចាប់​ផ្តើមពីឈុតដែលលោកយាយពេញ ប្រទះឃើញដើមគគីរមួយដើមអណ្តែតតាមទឹកក្បែរមាត់ទន្លេ​ពេលគាត់កំពុងដើរលំហែរ ក្បែរនោះ រហូតដល់ឈុតដែលរៀបរាប់ពីការសាងសង់រាជធានីថ្មី​ដោយព្រះបាទពញ្ញាយ៉ាត។ រូបគំនូរ និង រូបសូន ទាំងនោះត្រូវបានដាក់ក្នុងទូកញ្ចក់យ៉ាងវែងដោយ​មានខណ្ឌជាថ្នាក់ៗ ដោយក្នុងនោះមួយថ្នាក់សម្គាល់មួយឈុត ហើយក្នុងមួយឈុតៗមានការដាក់​បញ្ចូលគ្នារវាងរូបគំនូរនិងរូបសូន ដែលធ្វើឲ្យឈុតនីមួយៗមើលទៅមានសភាពរស់រវើកមែនទែន​។

វិចិត្រករខ្មែរមួយរូបនេះបានឲ្យដឹងថា គម្រោងបង្កើតនូវរូបគំនូរ និងរូបសូនទាក់ទងនឹងការកកើត​ឡើងនៃរាជធានីភ្នំពេញនេះ ដំណើរការអស់រយៈពេល៦ខែហើយ ហើយលោកកំណត់ថានឹងធ្វើឲ្យ​ហើយសព្វគ្រប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១០ខាងមុខនេះ។

លោកបន្តទៀតថា ក្នុងការបង្កើតនូវវិចិត្រកម្មថ្មីនេះ លោកបានចំណាយពេលវេលា និង ប្រាក់កាស​ផ្ទាល់ខ្លួនអស់យ៉ាងច្រើន ដោយពុំមាន ស្ថាប័នរដ្ឋាភិបាល ឫ អង្គការក្រៅរដ្ឋាភិបាលណាមួយជួយ​ដល់គាត់ឡើយ។

លោក អ៊ុត រឿន ប្រាប់ថាវិចិត្រកម្មថ្មីនេះពិតជាមានលក្ខណៈលំបាកបន្តិច ព្រោះក្រៅពីការគូរនិង​សូនជួបការលំបាកហើយនោះ  លោកត្រូវធ្វើដំណើររហូតទៅដល់ប្រទេសថៃទៀតដើម្បីរកទិញ​ជ័រនិងទឹកថ្នាំ សម្រាប់យកមកសូននិងគូរ ដែលជ័រនិងទឹកថ្នាំនោះមានតម្លៃថ្លៃហើយគ្មានលក់នៅ​ប្រទេសយើងទេ តែលោកអះអាងថាវត្ថុទាំងនោះមានគុណភាពល្អនិងត្រូវទឹកមិនរលាយ ហើយ​យើង​អាចរក្សាវាទុកបានយូរឆ្នាំ។

ស្ថិតក្នុងវ័យ​៦៦​ឆ្នាំ លោក អ៊ុត រឿន ជាវិចិត្រករខ្មែរមួយរូបដែលស្រលាញ់សិល្បៈគំនូរ សូនរូប និង បានសាងស្នាដៃជាច្រើនរាប់មិនអស់។ លោកជាអ្នកផ្តួចផ្តើមបង្កើតនូវសមាគមន៍មិត្តវិចិត្រករនេះ​ឡើង ហើយព្រមទាំងបានជួយបណ្តុះបណ្តាលយុវជនខ្មែរជាច្រើនក្នុងវិស័យនេះចាប់តាំងពីឆ្នាំ ២០០០មក ក្នុងបុព្វហេតុចង់ចែករំលែកនូវចំណេះដឹងរបស់គាត់ដល់កូនចៅខ្មែរជំនាន់ក្រោយ។

នៅក្នុងសារមន្ទីរនេះផងដែរ អ្នកទស្សនាក៏នឹងបានឃើញនូវផ្ទាំងទស្សនីយភាពជាច្រើនផ្សេងទៀត ដូចជាទិដ្ឋភាពពេលខ្មែរក្រហមចូលដល់ក្រុងភ្នំពេញ ការជម្លៀសប្រជាជនចេញពីក្រុង ការកាប់​សម្លាប់និងធ្វើទារុណកម្មរបស់ពួកខ្មែរក្រហមទៅលើប្រជាពលរដ្ឋខ្មែរ ការបង្កើតរណសិរ្ស២ធ្នូ ស្ថានភាពពេលរំដោះប្រទេសនៅថ្ងៃ៧មករា និង ការអភិវឌ្ឍន៍ផ្សេងៗទៀតរបស់រាជធានីភ្នំពេញ​តាមសម័យកាលនីមួយៗ។ ជីវភាពនិងការរស់នៅរបស់ប្រជាជនខ្មែរកាលពីសម័យដើមក៏ត្រូវបានលើកយកមកបង្ហាញ តាមរយៈរូបគំនូរនិងរូបសូនជាច្រើនផ្សេងទៀតផងដែរ។

ជង្រុកនៃឯកសារនិងវត្ថុសិល្បៈដែលបង្កើតឡើងដោយលោក អ៊ុត រឿន រួមជាមួយនឹងវិចិត្រករនៅ​ក្នុងសមាគមមិត្តវិចិត្រករជាច្រើននាក់ទៀត ភាគច្រើនត្រូវបានរក្សាទុកនៅជាន់ទី១ ព្រោះវាមានទី​តាំងទូលាយអាចដាក់នូវវត្ថុសិល្បៈដែលមានទំហំធំៗបាន។ អ្វីដែលទាក់ទាញអារម្មណ៍អ្នកចូល​ទស្សនាភាគច្រើននោះ គឺជារូបគំនូរជាច្រើនសន្លឹកដែលគូរដោយលោក អ៊ុត រឿនផ្ទាល់ ព្រោះរូប​ទាំងនោះ ឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់គាត់និងគ្រួសារតាំងពីពេលដែលប៉ុលពតចូលកាន់ កាប់​រាជធានីភ្នំពេញរហូតដល់ពេលរំដោះ។ គាត់ ភរិយា និង កូន ក៏ជាតួអង្គក្នុងរូបគំនូរដែរពេលខ្លះ ហើយរូបទាំងនោះត្រូវបានដាក់តាំងក្នុងផ្នែកមួយផ្សេងទៀតនៃអគារជាន់ទី១។

ជាចុងក្រោយ លោកអ៊ុត រឿន មានប្រសាសន៍ថាលោកចង់ឲ្យប្រជាជនខ្មែរអញ្ជើញចូលរួម​ទស្សនាក្នុងសារមន្ទីរនេះ ឲ្យបានច្រើន ព្រោះវាគឺជាការចូលរួមចំណែគអភិរក្សវប្បធម៌ខ្មែរផងដែរ។ គាត់បន្តថា នៅពេលដែលពួកគាត់ចូលមកដល់ទីនេះ ពួកគាត់ប្រាកដជាយល់ដឹងបានច្រើនបន្ថែម​ទៀតអំពីទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ហើយការចូលរួមពីពួកគាត់ក៏ជាកត្តាក្នុង​ការជួយជំរុញឲ្យសារមន្ទីរនេះមានដំណើរការទៅ មុខជាស្ថិតស្ថេរ និងជាការជួយលើកទឹកចិត្តដល់​វិចិត្រករទាំងឡាយដែលកំពុងតែធ្វើការក្នុងសារមន្ទីរនេះឲ្យ ខិតខំទ្វេឡើងទៀត។

Written by: Dara Saoyuth

Written Date: 08/01/2010

Advertisements

About Saoyuth

A graduate in Media Management with experiences working as a reporter with local and international news institutions, a multimedia team leader and a TV Producer for a LIVE News Show. Currently, I am a freelance video maker and social media consultant.

Posted on January 9, 2010, in Feature Story. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: